ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា
thumbnail

ពន្លកថ្មី

យុវ​សិស្ស ឡាច មួយហួរ

សិស្ស​​ថ្នាក់​ទី១១ ​”​ខ”

        នាពេលបច្ចុប្បន្ននេះ វិស័យអប់រំក្នុងស្រុកកំពុងតែមានការរីកចម្រើនដុះដាលបន្ដិចម្ដងៗ ដោយសាលារៀននីមួយៗបានបណ្ដុះធនធានជាច្រើន ដែលពោរពេញទៅដោយថាមពល និងបញ្ញា ស្មារតី ក្លាវក្លា ជាពិសេសពួកគាត់ជាកម្លាំងស្នូលក្នុងការចូលរួមគ្រប់សកម្មភាព នានាក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍជាតិផងដែរ។

        ឡាច មួយហួរ ជាសិស្សដែលកំពុងបន្តការសិក្សារៀនសូត្រនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។ មួយហួរជាសិស្សម្នាក់ដែលមានលក្ខណៈពិសេសជាច្រើនដូចជា ការចូលចិត្តសាកល្បងនូវអ្វីដែលថ្មីៗដើម្បីអភិវឌ្ឍខ្លួន ការសិក្សាស្រាវជ្រាវ ការអនុវត្តលំហាត់ ការវិភាគថ្លឹងថ្លែង និងនិងការចំណាយពេលវេលាផ្ទាល់ខ្លួនក្រៅពីការសិក្សានៅសាលារៀន ដើម្បីចូលរួមក្នុងការងារសង្គម ដូចជាការបរិច្ចាកនូវអំណោយសប្បុរសធម៌ជាដើម។ លើសពីនេះ យុវសិស្សម្នាក់នេះតែងតែចូលរួមសម្រួលកម្មវិធីផ្សេងៗក្នុងសាលារៀន ដូចជាកម្មវិធីរំលឹកគុណគ្រូ ការដឹកនាំថតវីដេអូអប់រំ និងការចូលរួមប្រកួតកម្មវិធីវប្បធម៌-អរិយធម៌ជាដើម។ អ្វីដែលពិសេស និងគួរឱ្យកត់សម្គាល់ទៀតនោះគឺលទ្ធផលនៃការសិក្សា ដោយគាត់តែងតែទទួលបាននូវលទ្ធផលល្អលើសពីការរំពឹងទុក។

        មួយហួរបានឱ្យដឹងថា “ការដែលចង់ទទួលបានលទ្ធផលល្អក្នុងការសិក្សា មិនមែនកើតឡើងងាយស្រួលឡើយ គឺទាមទារឱ្យយើងខំប្រឹងតាំងពីថ្នាក់តូចៗ ដើម្បីពង្រឹងគ្រឹះពីដើមមក ព្រោះពេលឡើងពីមួយកម្រិតទៅមួយកម្រិត មេរៀនតែងតែមានទំនាក់ទំនងគ្នា ដូចនេះប្រសិនបើយើងគ្មានគ្រឹះនោះទេ យើងប្រាកដជាស្ដាប់គ្រូពន្យល់មិនងាយយល់ទេ។ ចំពោះអ្នកដែលមិនទាន់មានគ្រឹះត្រូវខំប្រឹងបណ្ដុះគ្រឹះដោយស្វ័យសិក្សា ឬរៀនបំប៉នបន្ថែមរហូតដល់គិតថាខ្លួនអាចចាប់បាន។ បន្ថែមពីនេះទៀតក៏ត្រូវព្យាយាមស្វែងយល់ពីគោលបំណងមេរៀននីមួយៗឱ្យបានច្បាស់ ដោយបណ្ដុះទម្លាប់នៃការកត់ត្រាចំណុចសំខាន់នៃមេរៀន និងហ៊ានលើកដៃសួរឬឆ្លើយពេលយើងមិនច្បាស់ ឬមិនយល់ត្រង់ចំណុចណាមួយ ព្រោះបើយើងមិនសួរទេ យើងនឹងមិនងាយដឹងពីចម្លើយពិតឡើយ។ មួយវិញទៀត ចំពោះការសិក្សានៅផ្ទះវិញ យើងតែងតែត្រូវចេះរំលឹកមេរៀនជារៀងរាល់ថ្ងៃ និងធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឱ្យជាប្រចាំ ព្រោះវាជាចំណុចសំខាន់នៃមេរៀនដែលយើងអាចរំលឹកឡើងវិញ និងជាពិន្ទុជំនួយរបស់យើងផងដែរ។”

        អ្វីដែលជាចំណុចខ្លាំងមួយទៀតរបស់យុវសិស្សម្នាក់នេះគឺគាត់តែងតែ បើកចិត្តទូលាយក្នុងការជួយពន្យល់ទៅកាន់មិត្តរួមថ្នាក់របស់គាត់ ដែលការសិក្សានៅមានកម្រិត និងជារឿយៗ ពេលគាត់មានពេលគាត់តែងយកមេរៀន ឬលំហាត់ដែលខ្លួនអាចធ្វើបាន ឬយល់ទៅពន្យល់មិត្តភក្តិ ដើម្បីចែករំលែក ក៏ដូចជាបន្ថែម និងពង្រឹងសមត្ថភាពខ្លួនឯងផ្ទាល់តែម្តង។
មួយហួរបានបន្តទៀតថា “ជាក់ស្ដែងយើងត្រូវមានផែនការយ៉ាងច្បាស់ក្នុងការបែងចែក ពេលវេលារៀនសូត្រ និងការងារសង្គម។ ក្រៅពីការសិក្សាដែលជាការងារចម្បងរួច យើងអាចយកពេលវេលាដែលនៅសល់ដែលចំណាយលើការប្រើប្រាស់នូវបណ្ដាញសង្គមដើម្បីស្វែងយល់អំពីព្រឹត្តិការណ៍នានា ការធ្វើការងារស្ម័គ្រចិត្ត ដើម្បីព្យាយាមស្វែងយល់ពីសង្គមខាងក្រៅបន្ដិចម្ដងៗ ដោយអាចស្គាល់ និងសិក្សាពីមនុស្សជាច្រើនខុសៗគ្នាជុំវិញខ្លួនយើងផងដែរ។ ការងារទាំងនេះបានពង្រីកចំណេះដឹងមួយកម្រិតដែលយើងមិនធ្លាប់ជួបក្នុងមេរៀន។ ការងារស្ម័គ្រចិត្ត ជាទ្រព្យដែលយើងចាប់មិនបាន មើលមិនឃើញ ប៉ុន្ដែយូរៗទៅយើងនឹងអាចដឹងថាខ្លួនឯងចាប់ផ្ដើមប្រែប្រួលទៅកាន់ភាពប្រសើរជាងមុនបន្ដិចម្ដងៗទាំងកាយចរិយា និងសមត្ថភាពធ្វើការងារផងដែរ។ បន្ថែមពីនេះទៅទៀត ដើម្បីកុំឱ្យការងារខាងក្រៅប៉ះពាល់ដល់ការសិក្សា យើងត្រូវរៀបចំកាលវិភាគសិក្សាឱ្យបានល្អនៅផ្ទះឱ្យស្របជាមួយកាលវិភាគសាលា និងរកពេលស្រាវជ្រាវមេរៀនខ្លួនឯងនៅផ្ទះ ព្យាយាមចំណាយពេលវេលាយល់ពីខ្លួនឯង យល់ពីអ្វីដែលខ្លួនមិនចេះឱ្យច្បាស់ទើបអាចពង្រឹងចំណុចទាំងនោះបានជាជាងដើររៀនគួរនៅខាងក្រៅដោយមិនដឹងថាខ្លួនចង់បានអ្វីឱ្យប្រាកដ។ធ្វើលំហាត់ផ្នែកវិទ្យាសាស្ត្រពិតឱ្យបានច្រើនតាមលទ្ធភាពដែលអាច។ មួយវិញទៀតនោះគឺត្រូវឱ្យតម្លៃលើការថែរក្សាសុខភាពដូចជាការសម្រាកឱ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារឱ្យបានទៀងទាត់ មានអនាម័យ និងជីវជាតិ ហើយមករៀនឱ្យទៀងទាត់ទាន់ពេលវេលា និងប្រើសុចិបុលិឱ្យមានប្រសិទ្ធិភាព។”

        ទោះបីជាយុវសិស្សរូបនេះរវល់ស្ទើររកពេលទំនេរគ្មានយ៉ាងណាក្តី ការសិក្សារបស់គាត់មិនធ្លាក់ចុះឡើយ ពោលគឺគាត់នៅតែកាន់ លំដាប់ A ជានិច្ចជារៀងរាល់ខែ។ ជាការបញ្ជាក់ផងដែរថាការដែលយកនិទ្ទេសល្អនេះបាននៅសាលារៀន អន្តរទ្វីប អាមេរិកាំង វាមិនមែនជាការចៃដន្យ និងងាយស្រួលនោះទេ គឺត្រូវតែប្រឹងអស់ពីកម្លាំងកាយ និងចិត្ត។

        ជាចុងក្រោយ យុវសិស្ស ឡាច មួយហួរ បានសំដែងនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា យើងទាំងអស់គ្នាកើតមកក្នុងសម័យកាល និងក្នុងប្រទេសមួយដែលមានសន្ដិភាព យើងអាចសិក្សាបានយ៉ាងពេញលេញ ដែលអាចនិយាយបានថាវាជារឿងសំណាងមួយដែលយើងត្រូវតែចេះថែរក្សា និងប្រើប្រាស់វាឱ្យមានន័យ ដើម្បីជាទុនក្លាយជាទំពាំងដ៏ល្អសម្រាប់តបស្នងសងគុណដល់អ្នកមានគុណ និងសង្គមជាតិរបស់យើងផងដែរ។